ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

បែកធ្លាយ​រឿងអាស្រូវ​លោក សូរ ផ្លា​តុង ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅក្នុង​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​

ខេត្តសៀមរាប​ ៖ ករណី​អំពើពុករលួយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់ ចោល ដោយ​បាន​បង្កើត​ស្ថាប័ន​បង្ក្រាប​អំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទើប​កាលពីពេល​ថ្មីៗ​នេះដែរ លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​មាន​តួនាទី​ជា​ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ការិយាល័យ ភូមិបាល​ក្រុង របស់​សា​ម៉ី​ខ្លួន​កាន់កាប់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក និយម​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ភូមិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម​ឱ្យទទួល​ការងារ​ស៊ីសំណូកសូកប៉ាន់​យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ការិយាល័យ​ភូមិបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ ពោល​គឺ​លោក សូរ ផ្លា​តុង (​ឈិន​)​ដឹកនាំ​អង្គភាព​តាម​បែប​អគតិ និង​ផ្តាច់ការ ជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ទម្លាប់​រហូតមក​មិនតែប៉ុណ្ណោះ លោក​ប្រធាន ឈិន ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង​បុគ្គលិក​មន្ត្រីក្រោមឱវាទ​ណា​ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​សួរនាំ​ដេញដោល​នៅបេល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​របស់​លោក​ប្រធាន​កត់សម្គាល់​ទុក​មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

​ប្រភព​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ខិតខំ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ដូចជា លោក ឌី ប៊ុន​ហាក់ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​ជា​មន្ត្រី​ស្លូតត្រង់​តស៊ូ​បំរើ​ការងារ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ក៏ លោក សូរ ផ្លា​តុង (​ឈិន​)​បាន ប្រើ​សំដី​អសុរោះ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង​ដោយ​គ្មាន​ប្រគល់​ការងារ​ឱ្យធ្វើ​ទាល់តែសោះ ព្រោះតែ​ផល ប្រយោជន៍​របស់​គាត់ និង​បក្ខពួក​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

​ប្រភព​បាន​បន្តថា លោក សូរ ផ្លា​តុង (​ឈិន​)​កំពុង​កុងកាច់​ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​ដែល​ជា​មន្ត្រី​សកម្ម​មាន​បទ ពិសោធន៍​យូរ​ឆ្នាំ​មកហើយ បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និង​ការងារ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​)​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាប និង​ថ្មីៗ​នេះ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឱ្យ​គាត់ (​លោក ឌី ប៊ុន​ហាក់​)​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​នៅ​ទីនោះ​ទៀតផង ។​

​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់ លើ​ចាត់វិធានការ​បែបណា​ជា​ពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ។​

​ជាងនេះទៅទៀត អង្គភាព​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ពិតជា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​នៅក្នុង ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​របស់លោក សូរ ផ្លា​តុង (​ឈិន​) ដែល​កំពុង​ល្បីល្បាញ​ដែល​គេ​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពិតប្រាកដ​នោះ នឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក សូរ ផ្លា​តុង បានទេ ខណៈ​ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ព្យា យាម​សុំ​ជួប​ជា​ច្រើនលើក​ច្រើនសារ​ពុំបាន​សម្រេច តែ​ទោះបីជា​យ៉ាង​ដូច្នេះ​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត ៕​

 

omyentieng_cheasophara

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.