ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ សាលា​ធម្មសភា​និង​សមិទ្ធិផល​នានា ក្នុង​វត្ត​អង្គ​ប្រិយ​សិរី​មានជ័យ​

កំពត ៖ សាលា​ធម្មសភា ព្រម​ជាមួយ​នឹង​សមិទ្ធិផល​នានា ក្នុង​វត្ត​អង្គ​ប្រិយ​សិរី​មានជ័យ ដែល​ស្ថិត​ក្នុង​ឃុំ​សំរោង ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​ធ្វើ​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​តាម​តម្រូវការ នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ហែរ​ហម​ដោយ លោក លោកស្រី​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​អស់លោក​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត មេបញ្ជាការ​កងកំលាំង​ប្រដាប់​អាវុធ​ទូ​ទាំង​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ យុវជន​គ្រប់​ស្រទាប់ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ក្រោម​ដំបូល​នៃ​សន្តិភាព​ដ៏​ពេញលេញ និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​កំពត​ដែល​ជា​ខេត្ត​មាន​សក្តានុពល​អំណោយ​ពី​ធម្មជាតិ​ស្រាប់​នោះ ក៏បាន​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ដោយ​សម្រេច​បាន​សមិទ្ធិផល​សំខាន់ៗ​ជាច្រើន ដូចជា​ផ្លូវ ថ្នល់ ផ្លូវដែក ស្ពាន សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម រោងចក្រ​សី​ុ​ម៉ងត៏ ស្រែអំបិល និង​តំបន់​ទេសចរណ៍ ជាដើម ។​ល​។​

​មានប្រសាសន៍​ផ្តាំផ្ញើរ និង​សួរសុខទុក្ខ លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ថា នេះ​ជា​ការពិត​បើ​មាន​សន្តិភាព​ទើប មាន​អ្វីៗ​ដូច​សព្វថ្ងៃ ដូច​ឃើញ​នៅ​ចំពោះមុខ​ស្រាប់​គឺ​វត្ត​អា​រ៉ា​ម ព្រមទាំង​សមិទ្ធិផល​ធំៗ​ជា​ច្រើន​រាប់​ពុំ​អស់ ទាំងនេះ​ក៏​ដោយសារ​ប្រទេស​យើង​មាន​សុខសន្តិភាព​យ៉ាង​ពេញលេញ ។​

​លោក​បណ្ឌិត បាន​គូសបញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ប្រទេស​យើង​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ​ទាំង​អាណាចក្រ ពិសេស​វិស័យ​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​។​ចំពោះ​សមិទ្ធិផល​ដែល​រំលេច​រូបរាង​នាពេលនេះ គឺ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ទេ នេះ​ជា​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​។​ទន្ទឹម​នឹង​សមិទ្ធិផល​ផ្លែផ្កា​ខាងលើ យើង​ត្រូវ​រួមគ្នា​ថែរក្សា​ទ្រព្យសម្បត្តិ​ទាំង​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង សម្រាប់​ជា​កេរ្ត៍ដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។​

​បន្ទាប់​ពី​សំណេះសំណាល សួរសុខទុក្ខ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយ​ស​ជូន​ដល់​សប្បុរសជន ក៏ដូចជា​មន្ត្រីរាជការ​និង​កងកំលាំងប្រដាប់អាវុធ​ដែល​មាន​ស្នាដៃ ព្រមទាំង​ផ្តល់​ថវិកា​ដល់​ព្រះចៅអធិការ​វត្ត អង្គ​ប្រិយ​សិរី​មាន​ពឯជ័យ​ចំនួន​២០​លាន​រៀល ស្មើនឹង​៥០០០​ដុល្លា​អាមេរិក​សម្រាប់​ចាត់ចែង​និង​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ជា​ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នូវ​ថវិកា​និង​សម្ភារៈ​មួយចំនួន​ផងដែរ ក្នុងនោះ​លោក​បណ្ឌិត​ក៏បាន​ផ្តល់​នូវ​កុំព្យូទ័រ​និង​ម៉ាស៊ីន​ព្រីនធ័​រដល់​ដាលា​រៀននិង​សាលាឃុំ​កំពង់សំ​រោង​ផងដែរ​។​ហើយ​លោក​បណ្ឌិត​ក៏​ចូលរួម​កាត់​ខ្សែបូ សម្ពោធ​ឲ្យប្រើ​ប្រាស់​នូវ​សាលា​ធម្មសភា​ចាប់ពី​ពេលនេះ​តទៅ​។​

 

img20170901r1-1 img20170901r1-3 img20170901r1-6 img20170901r1-4 img20170901r1-5

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.