កណ្តាល ៖ នៅក្នុងប្រទេសកម្ពុជា វិស័យអាណាចក្រ និងពុទ្ធចក្ររីកចម្រើនឥតគណនា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានប្រឹងប្រែងតាំងពីបាតដៃទេទ រហូតមកដល់បច្ចុប្បន្ន ទីវត្តអារាមសព្វថ្ងៃនេះ មានជាង ៤០០០ វត្ត មានព្រះសង្ឃគង់នៅជាង ៦ ម៉ឺនអង្គ ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋពុទ្ធបរិសុទ្ថបានធ្វើបុណ្យទានតាមប្រពៃណីជាតិបានល្អប្រសើ ។
ដូច្នេះ នៅថ្ងៃទី ២០ កញ្ញា ២០១៧ នេះ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ភួង ម៉ាឡា កឹម ជាតិ ព្រមទាំងក្រុមគ្រួសារបានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌធំ នៅក្នុងវត្តបឹងខ្យាង ដែលស្ថិតនៅក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ស្ថិតនៅក្បែរភូមិគ្រឹះរបស់ឯកឧត្តម ហើយវត្តនេះទៀត ដែលឯកឧត្តមបានជួយកសាងតាំងពីដំបូង រហូតមកដល់សព្វថ្ងៃនេះ ។
ក្រោយពិធីជូនថវិកា និងទេយ្យទានជូនមាតាបិតារួចមក ឯកឧត្តម និងលោកជំទាវ បានអញ្ជើញមកវត្តធ្វើពិធីរាប់បាតនិងប្រទានថវិកាប្រគេនព្រះសង្ឃចំនួន ២៧ អង្គ ។ ឯកឧត្តម និងលោកជំទាវ និងក្រុមគ្រួសារ បានអញ្ជើញឡើងមកលើសាលាធម្មទេសនា ដើម្បីប្រារព្ធពិធីបង្សុកូល សូត្រមន្ត ប្រទានរថវិកានិងទេយ្យទាន គ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ។
ចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម កឹម ជាតិ មានមតិសំណេះសំណាល ជាមួយពុកម៉ែ ពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងនោះ មានឯកឧត្តម ភ្ញៀវបរទេស ដែលបានអញ្ជើញមកជាមួយឯកឧត្តម បានសន្យានឹងជួយថវិកាប្រគេនជួយវត្តបឹងខ្យាងនេះ តាមរយៈឯកឧត្តម កឹម ជាតិ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បូរ៉ាមី សមាជិកលេខាធិការដ្ឋានគណៈកម្មការជាតិប្រឆាំងភេរវកម្ម និងលោកជំទាវ អ៊ុន ស្រីខូច បានឡើងមានមតិអរគុណដល់ភ្ញៀវបរទេសទាំងអស់ ដែលសន្យាជួយកសាងដល់វត្ត និងបងប្អូនក្រីក្រ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅចុងក្រោយនៃកម្មវិធី ឯកឧត្តម កឹម ជាតិ បានចែកថវិកាជូនចាស់ៗនៅលើសាលាធម្មសភា ជិត ១ពាន់នាក់ ។ កម្មវិធីនេះបញ្ចប់ដោយភាពរីករាយក្រៃលែង ៕