ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

អបអរសាទរ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ​តាម​ឱសថស្ថាន​នៅ​រាជធានី​ភ្នំពេញ​

នា​រសៀល​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ២ និង​៣៥​នាទី នៅ​ក្នុង​មហោស្រព​ចេនឡា ប្រារឰ​បើក កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​មូលដ្ឋាន​សម្រាប់​អ្នកលក់​ឱសថ តាម​ឱសថស្ថាន​ជំនាន់​ទី​៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ។ ភ្ញៀវកិត្តិយស​អញ្ជើញ​ចូលរួម​មាន អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល លោក អ៊ុក សុផល នាយក​ហិរញ្ញវត្ថុ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម អស់លោក អភិបាល​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ លោក​វេជ្ជបណ្ឌិត លោកគ្រូ​អ្នកគ្រូ ដែល​បាន​បើក​ហាង​លក់​ឱសថ​ជាច្រើនរូប​ទៀត សរុប​ជិត ១​ពាន់​នាក់ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា និង​ជា​ប្រធាន​សមាគម សហព័ន្ធ​វិនិយោគិន បាន​ឡើង​អាន​របាយការណ៍ និង​រាយការណ៍​ជូន​គណៈអធិបតី​ភាព​ស្តីពី​ការអនុវត្ត​ប្រើប្រាស់ឱ​សថ​បានល្អ ជួយ​ដល់​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​-​ក្រុង គ្រប់​ទាំង​តាម​ជនបទ​ដាច់ស្រយាល​បាន​ប្រសើរ ។ បន្ទាប់​ពី​ការអាន​របាយការណ៍​ជូន​គណៈអធិបតី​រួចមក ឯកឧត្តម ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ឡើង​មានមតិ​សំណេះសំណាល​ជា​មួយ​អង្គ​កម្មវិធី​ដោយ​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ។​

​ឯកឧត្តម បន្តទៀតថា ខ្ញុំ​សូម​សរសើរ​ដេយ​អស់ពី​ចិត្ត​អំពី​ការយ​ល់​ដឹង​របស់ ឯកឧត្តម អស់លោក លោកស្រី ដែល​បើក​លក់​ឱសថស្ថាន​តាម​ផ្ទះ ដែល​បាន​ចែកចាយ​លក់​ជូន​ប្រជាពលរដ្ឋ​នូវ​ថ្នាំ​ដ៏​ល្អ​បំរើ​សុខភាព​ជូន ពួកគាត់ ។ ឯកឧត្តម បន្តទៀតថា នៅ​ខ្វះ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ យើង​ចូល​ដល់​ខួប​លើក​ទី ៣៩ ថ្ងៃ​រំដោះ ៧​មករា ដូចជា​ឆាប់រហ័ស​បំផុត បើ​យើង គិត​ទៅ​ដូច​ជា​ថ្មីៗ​សោះ តែបើ​យើង​គិត​ពី​សម័យ​ពពួក​អាវខ្មៅ ទមិឡ​ឥត​សាសនា ប៉ុល ពត វិញ រយៈពេល​តែ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​សោះតែ ហាក់បីដូច​ជា​យូរ​រាប់រយ​ឆ្នាំ ដោយសារ​យើង​រង​ទុក្ខ​លំបាក​វេទនា​ហួសនិស្ស័យ​បង្ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ហូប​តែ​បបរ​រាវ​ក​ក្លូក ពួក​វា​វាល់​វែក​ចែក ខុស​បន្តិចបន្តួច​យក​ទៅ​វាយ​សម្លាប់ និង​ត្បូងចប ភ្លៅ​រទេះ ដែក​ត្បែង យ៉ាង​សាហាវ ឃោរឃៅ​បំផុត ប្តី​ព្រាត់​-​ប្រពន្ធ កូន​ព្រាត់​ម្តាយ ពេញ​ដោយ​ការ​ព្រាត់ប្រាស់​និរាស​គុណ​បុណ្យ​ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ដឹកនាំ ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​វាយ​រំដោះ​យើង​ឱ្យ​រួចផុត​ពី​ខ្នោះ​ឃ្នាង គុក​ឥត​ជញ្ជាំង ពី​បន​ក្បត់​សម្លាប់​ជាតិ​សាសន៍​ឯង ។

​ឯកឧត្តម​បន្តទៀតថា បងប្អូន​ពុក​ម៉ែ​ជាទីគោរព អ៊ី​ត្លែរ កាច​សាហាវ ប៉ុន្តែ​សម្លាប់​ជាតិ​ដទៃ ប៉ុន្តែ​ប៉ុល ពត អប្រិយ​សម្លាប់​ជាតិ​ឯង​យ៉ាង​សាហាវ​បំផុត ឈាម​ខ្មែរ​ស្រែក​ដង្ហើយ​ហៅ​ដល់​វិរៈជន​ខ្មែរ​អស្ចារ្យ​ណាស់ ថ្ងៃ​៧​មករា បាន​មកដល់ វិ​រៈជនស្នេហា​ជាតិ​សម្តេច​តេជោ ហ៊ុន សែន បាន​បូជា​អាយុជីវិត សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ​បាន​រស់រាន​រហូត​សព្វថ្ងៃ កសាង​ហេ​ដា​រចនាសម្ព័ន្ធ​ជាតិ រីកលូតលាស់​គ្រប់​ទីកន្លែង ស្ពាន​អាកាស​គ្រប់កន្លែង ផ្លូវថ្នល់ សាលារៀន អនុវិទ្យាល័យ វិទ្យាល័យ មន្ទីរពេទ្យ វត្ត​អារាម​… ៘ គុណបំណាច់​ដ៏​ធំធេង​នេះ បាន​បង្កប់​នូវ​ក្នុង​ជម្រៅ​បេះដូង​ខ្មែរ បន្ត​ប្រាប់​ដល់ កុលបុត្រ កុលធិតា​ខ្មែរ ត្រូវ​ចងចាំ​កុំ​ឱ្យ​របប​អប្រិយ​នេះ វិលត្រឡប់​មក​វិញ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិត ឡី សុភាព បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឱ្យ​មានកា​របើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ​តាម​ឱសថស្ថាន​នេះ​បន្តទៀត​ដើម្បី​ឱ្យ​សិក្ខា កាម​ទាំងអស់​ទទួលបាន​ចំណេះដឹង​បទពិសោធ​ន៏​ថ្មីៗ​ស្តីពី​ការប្រើប្រាស់​ឱសថ​ការ​ទុកដាក់​ឱសថ​និង​ច្បាប់ ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​វេជ្ជសាស្ត្រ​និង​ឱសថ​សាស្ត្រ​សម្រាប់​ជា​ទុន​ក្នុង​ការអនុវត្ត​ការងារ​បម្រើ សុខភាព​ប្រជាជន​បាន​ល្អប្រសើរ​។​

​ជាទី​បញ្ចប់ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​និង​អះអាងថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​មាន​សុខសន្តិភាព ការអភិវឌ្ឍ​មាន​គ្រប់​ទីកន្លែង លើ​គ្រប់​វិស័យ ទាំង​វិស័យ​សុខាភិបាល ទាំង​វិស័យ​បច្ចេកវិទ្យា ទាំង​វិស័យ​អប់រំ គ្រប់ផ្នែក និង​គ្រប់​កម្រិត ។ នេះ​ការចូលរួមចំណែក​ដ៏​សកម្ម​ក្នុង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​បម្រើ​អោយ​វិស័យ​សុខាភិបាល​សំដៅ​ពង្រឹង សេវាកម្ម​សុខាភិបាល អោយ​កាន់តែ​ប្រសើរ​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម សេវា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ខ្មែរ ។​

​នៅ​ចុងបញ្ចប់​កម្មវិធី ឯកឧត្តម ឃួ​ង ស្រេង បាន​ប្រគល់​វិញ្ញាបនបត្រ​ជូន​បាន​ថតរូប​អនុស្សា​វរិយ៍​យ៉ាង​សប្បាយ​រីករាយ​បំផុត ៕
​ដោយ លឹម សារី​

 

 

r171225c1 r171225c2 r171225c3 r171225c4

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.