ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

ម្ចាស់​សង្វៀន​បញ្ជល់​មាន់​នៅក្នុង​ភូមិដារ មានឈ្មោះ ហេង និង​ឈ្មោះ លឹម មាន​ខ្នងបង្អែករឹងមាំ​ទើបហ៊ានធ្វើអ្វីៗ​ស្រេចតែអំពើចិត្ត

ត្បូងឃ្មុំ ៖ ប្រភពថ្មីៗ​នេះ ប្រជាពលរដ្ឋ​​ព្រួយបារម្ភ​​យ៉ាងខ្លាំង​ ពី​បញ្ហា​​អសន្តិសុខ​​សង្ក​ម ព្រោះ​​អំពើចោរកម្ម​ និង​​បទ​ល្មើស​​ផ្សេងៗ​​រាលដាល​យ៉ាង​គំហុក​​ក្នុង​ឃុំ​ដារ​​ ស្រុក​មេមត់ ប្រជាពលរដ្ឋ​​និង​មន្ត្រីរាជការ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ បាន​​កត់សម្គាល់ថា ​ចាប់តាំងពី​លោក ជាម ច័ន្ទ​សោភ័ណ ទទួលបាន​តំណែង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ រួចមក​គឺ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ព្រោះ​លោក ជាម ច័ន្ទ​សោភ័ណ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ទន្ទឹមនឹងនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ក៏​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ​​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយកន្លែង​បង្កប់​ដោយ​ល្បែង​អាប៉ោង​និង​យូគី​កំពុងដំណើរការ​យ៉ាងរ​លូន​នៅ​ចំណុច​ច្រកដាហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា អភិបាលស្រុក​មេមត់ ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​សង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​ដារ ប្រព្រឹត្តទៅ​យ៉ាង​រលូន​ហើយ​ល្បែង​យូគី​និង​អាប៉ោង​ត្រូវបាន​គេ​បើក​លេង​ទ្រង់ទ្រាយ​ធំ​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ទុក​ឲ្យ​ល្បែងស៊ីសង​ក្បែរ​ច្រក​ដូង​៧​ដើម រាលដាល​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ឃុំ​ដារ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹ​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​នៅក្នុង​ភូមិ​ដារ មានឈ្មោះ ហេង និង​ឈ្មោះ លឹម ហើយ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា លោក ហង្ស គឹម​ហឿន អធិការនគរបាល​ស្រុក​មេមត់ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​អ្នកបើក​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​អាប៉ោង​យូគី ក្នុងភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ នោះដែរ​ទើប​មិន​ចាត់​វិធាន​ករ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ចាប់តាំងពី​ល្បែងស៊ីសង​ត្រូវបាន​គេ​បើក​លេង​យ៉ាង​ពេញបន្ទុក​រួចមក គឺ​នៅក្នុង​ឃុំ​ដារ មាន​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ហើយ​បទល្មើស​ផ្សេងៗ​ក៏​កំពុង​រាលដាល​ផងដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ឡើយ​យ៉ាងពេញបន្ទុក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.