ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

​លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទីមួយ នៅ​កម្ពុជា ចាប់ផ្តើម​បើក​លក់​

​រាជធានី​ភ្នំពេញ ៖ លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​មាន​ទីតាំង​នៅ​កណ្តាល​ក្រុង និង​មាន​តម្លៃ​សមរម្យ​បានប្រកាស​ចាប់ផ្តើម​បើក​លក់​ហើយ ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែល​មាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុន​វិនិយោគ​ប្រហាក់ប្រហែល​ជា ៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ចំណូល​ទាប និង​មធ្យម ហើយ​មាន​បំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ​នៅ​កណ្តាល​ក្រុងភ្នំពេញ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០១៩ នៅ​លំនៅឋាន​អា​រ៉ា​ខា​វ៉ា ផ្លូវ​២៣ ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​លំនៅឋាន​បែប​ខុន​ដូនេះ ត្រូវបាន​សាងសង់​ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា ដែល​ជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើ​ទោះ​ជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន ខុន​ដូ​របស់​អា​រ៉ា​ខា​វ៉ា​បាន និង​បាន​ទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្មសិទ្ធិ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​ហ្នឹង​គេ​” ។​
​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​មានប្រសាសន៍ថា “​យើង​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផា​សុកភាព គុណធម៌ និង​បង្កើតឲ្យមាន​ទម្លាប់​រស់​នៅក្នុង​អគា​រ​រួម និង​ការថែទាំ​រួម​” ។​

​លោក អៀង សុធា​រ៉ា បាន​បន្ថែម​ថា​អតិថិជន​ដែល​ទិញ​យូ​នី​ត ក្នុង​លំនៅ​ឋាន​អា​រ៉ា​ខា​វ៉ា នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​តកូនតចៅ​។​
​។​
Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃ​ថា​ជា​លំនៅឋាន​ស្តង់ដារ​ជប៉ុន​ទីមួយ នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គម្រូ​នៃ​លំនៅឋាន ឬ​សំណង់​អគារ​នានា​ដែល​មាន​ស្តង់ដារ​ជប៉ុន​ពិតប្រាកដ ជាពិសេស បច្ចេកទេស​សំណង់​ទាំងមូល និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ និង​ប្រព័ន្ធ​ទឹក​លូ ជាដើម ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។​

Arakawa Residence ក៏​ជា​ក្រុមហ៊ុន​ទី​មួយ​នៅ​កម្ពុជា ដែល​ប្រើ​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន ក្នុង​ការសាងសង់​ទាំងស្រុង ដោយ​មិន​ប្រើ​ថវិកា​របស់​អតិថិជន​យក​មក​សាងសង់ ហើយក៏​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​អតិថិជន​អាច​ទិញ​ដោយ​ពុំ​ចាំបាច់​បង់ប្រាក់​កក់ ហើយ​អាច​បង់​រំ​លោះ​ដោយ​មិន​មាន​ការប្រាក់ ពោលគឺ​អាច​បង់ប្រាក់​ប្រចាំ​ខែ​ចាប់ពី​២៧៣​ដុល្លារ​ឡើង​ទៅ​។​

Arakawa Residence សាងសង់​លើ​ផ្ទៃ​ដី​ជាង​១,៣ ហិច​តា នៅ​ដំណាក់កាល​ទី​១ មាន​ចំនួន​១០​អគារ និង​មាន​កម្ពស់​២១​ជាន់​ស្មើៗ​គ្នា​។ រាល់​ផ្ទះ​ទាំងអស់​បែរមុខ​ទៅ​ទិស​ខាងជើង និង​ទៅ​ខាងត្បូង ដើម្បី​ងាយ​ស្រូល​ក្នុងការ​ស្រួប​យក​ពន្លឺ និង​ខ្យល់អាកាស​គ្រប់​រដូវ​កាល​។​

Arakawa Residence ត្រូវបាន​រចនា​ឡើង​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​មាន​សមាជិក​គ្រួសា​រ​តិច ចង់បាន​លំនៅឋាន​ប្រណិត មាន​បរិ​កាស​ល្អ តម្លៃ​សមរម្យ ស្ថិតនៅ​ជិត​ផ្សារ​ទឹកថ្លា ជាប់​មន្ទីរពេទ្យ​អន្តរជាតិ ជិត​សាលារៀន​និង​សាកលវិទ្យាល័យ​នានា និង​នៅ​ក្បែរ​ផ្សារ​ទំនើប ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ឬ​រក​ការងារ​ធ្វើ​។ ពលរដ្ឋ​ដែល​មាន​ចំណូល​ចាប់ពី​៦០០​ដុល្លារ​ឡើង​ទៅ អាច​ទិញ​បាន​ផ្ទះមួយ ជា​ប្រភេទ​ស្ទូឌីយោ​ឬ ផ្ទះ​មាន​ពីរ​បន្ទប់​។​

Arakawa Residence បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ក្រោយ ឆ្នាំ​២០២០​។ បច្ចុប្បន្ន លំនៅឋាន​អា​រ៉ា​ខា​វ៉ា​សង់​បាន​ដល់​១៥​ជាន់​ហើយ ហើយ​នឹង​ក្លាយ​ជា​ទីតាំង​ដ៏​សំខាន់​មួយ សម្រាប់​និស្សិត​សិក្សា​ផ្នែក​សំណង់​ស៊ីវិល ចុះ​មក​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​ជាក់ស្តែង ពិសេស​គម្រោង​សំណង់​ធំៗ​បែបនេះ​។​

​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា​ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០០៨ ដោយ​វិនិយោគិន​ខ្មែរ​និង​ជប៉ុន បន្ទាប់ពី​ទទួលបាន​ជោគជ័យ ក្នុង​ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការរួច​មក​ហើយ​អា​ផាត​មិន ដែល​មានឈ្មោះ​ថា Bellevue Serviced Apartments នៅ​តំបន់​ជ្រោយចង្វា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
© 2019 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.