ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសថា ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ មិនមានការឆ្លងបន្ត កូវីដ-១៩ ចូលក្នុងសហគមន៍ ទេ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ប្រកាសថា បានរកឃើញអ្នកឆ្លង កូវីដ-១៩ ថ្មី ចំនួន២នាក់ តែជាករណីនាំចូលពីក្រៅប្រទេស ។
ដោយឡែក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ការធ្វើតេស្តវត្ថុសំណាកលើកទី៣ សរុបចំនួន៨.៨១៤សំណាក ដោយបូកនឹងវត្ថុសំណាកនៅសល់ចំនួន៦៨សំណាក ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកសរុបចំនួន ៨.៨៨២ សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន ៣.០០២សំណាក ត្រូវបានធ្វើវិភាគ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់ ។
ចំណែកវត្ថុសំណាកនៅសល់ចំនួន ៥.៨៨០សំណាក ទៀត នឹងត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ ៕