ក្រុងប៉ោយប៉ែត ៖ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ក្រៅពី បន្ទាប់ពីកិច្ចការ រដ្ឋបាលក្រុង គឺ ការងារ កសាងអភិវឌ្ឍនា ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ជាជំនាញ របស់លោក ។
ជាក់ស្តែង នៅព្រឹក ថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មន្ត្រីរដ្ឋបាលក្រុង អាជ្ញាធរសង្កាត់ ក្រុមការងារ សង្កាត់និមិត្ត នាំយកគ្រឿងចក្រ និងចុះពិនិត្យសកម្មភាពក្រុមការងារយកគ្រឿងចក្រផ្ទាល់ខ្លួន លោក អភិបាលក្រុង ជួលជុលផ្លូវលំប្រវែង២៨៥០ម៉ែត្រ ក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅក្នុងឱកាសនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា៖ ផ្លូវលំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយ សរុបប្រមាណជាង៦០គីឡូម៉ែត្រដែលរងការខូតខាតដោយទឹកជំនន់កន្លងមក ត្រូវបានលោក ចាត់ក្រុមការងារនាំយកគ្រឿងចក្រ ចុះជួសជុលស្តារឡើងវិញ ជាបន្តបន្ទាប់។ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ឯ.ឧ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងប៉ោយប៉ែត និងឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ខ្លួនលោកផ្ទាល់រួមជាមួយក្រុមការងារបាននាំយកគ្រឿងចក្រមកឈួសឆាយកៀកិនសម្រួលផ្លូវលំដែលរងការខូចខាតដោយទឹកភ្លៀងក្នុងសង្កាត់និមិត្តទាំងមូលបានចម្ងាយប្រមាណជាង៤៨គីឡូម៉ែត្ររួចហើយគិតត្រឹមថ្ងៃនេះ ហើយក៏គ្រោងនឹងបញ្ចប់ឱ្យរួចតាមផែនការយ៉ាងយូរពីរឬបីថ្ងៃខាងមុខឱ្យ គ្រប់៦០គីឡូម៉ែត្រនៃចម្ងាយផ្លូវដែលរងការខូចខាតមានក្នុងសង្កាត់និមិត្តទាំងមូល ក្នុងពេលឆាប់ៗនេះ ។
លោកអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់បន្ថែមទៀតថា មិនចំពោះតែផ្លូវក្នុងសង្កាត់និមិត្តប៉ុណ្ណោះទេ គឺលោកនឹងជួលជុលផ្លូវទាំងអស់ទូទាំងក្រុងប៉ោយប៉ែតតែម្តង និយាយជារួមគឺធ្វើការជួសជុលឱ្យ ដល់តាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋតែម្តង ដោយផ្តើមពីចំណុចផ្លូវសំខាន់ៗ មុនដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបមុខរបរបស់បងប្អូនប្រជាពលរដ្ឋ ៕ វីរៈ ជាតិ