ព្រំដែនកម្ពុជា~ថៃ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម កៀត ពិស័ក្តិចាន់ថ្រា អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ពាក់ពន្ធ័ ចូលរួម ប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ នៅច្រកទ្វារព្រំដែន ខៅឌិន~ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ នាព្រឹកនេះដែលមានរបៀបវរៈដូចខាងក្រោម ៖
១.ឱ្យ ពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្ម
ក្នុងព្រះរាជាណាចក្រថៃ
២.ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្ម ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៣.បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់~បានណងអៀន បណ្តោះអាសន្ន ជាច្រកដឹកទំនិញ ដើម្បីកាត់បន្ថយការកក់ស្ទះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងឡឹក។
សូមបញ្ជាក់ជូនថា៖ លទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការឯកភាពទាំងស្រុងនៅឡើយនោះទេ គឺស្ថិតក្នុងការពិភាក្សា រង់ចាំមានការឯកភាពជាគោលការណ៍បន្ថែមតាមក្រោយបន្តទៀត។
សូមរម្លឹកផងដែរថា រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត នង
ក្រុមការងារគណៈកម្មាការប្រយុទ្ធជំងឺកូវីដ១៩ថ្នាក់ខេត្ត បានចុះត្រួតពិនិត្យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ដើម្បីត្រៀមរៀបចំ ការងារត្រួតពិនិត្យធ្វើដំណើររបស់អ្នកធ្វើដំណើរ នៅពេលខាងមុខ និង ផ្តល់ការណែនាំ សម្រាប់ការត្រួតពិនិត្យសុខភាព របស់មន្រ្តីចត្តាឡីស័ក ឲ្យបានល្អប្រសើរ ។