ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 170 63 22 Email: virakcheynews@gmail.com
0

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងសួរសុខទុក្ខកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យមើលកងកម្លាំងចម្រុះប្រចាំ ដែលកំពុងឈរជើងប្រចាំការនៅគោលដៅនានា តាមបណ្តោយខ្សែរបន្ទាត់ព្រំដែនកម្ពុជា ប្រទេសថៃនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្នុងបេសកម្មទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅ ប្រទេស ជាពិសេសប្រទេសថៃ ដែលកំពុងផ្ទុះការចម្លងជម្ងឺកូវីដ-១៩ក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត គូសបញ្ជាក់ថា ការពង្រឹងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្តដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ នូវការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក។

ឯកឧត្តមមានប្រសាសន៍ជំរុញដល់កម្លាំងចម្រុះទាំងអស់ និងមន្ត្រីប្រចាំការនៅតាមច្រកទ្វារតាមបន្ទាត់ព្រំដែន តាមគោលដៅទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ក្រែងសមត្ថកិច្ចថៃបញ្ជូនពលករខ្មែរត្រឡប់មកវិញ ហើយប្រសិនបើមានមែន ត្រូវសហករឲ្យបានល្អជាមួយមន្ត្រីសុខាភិបាល ត្រូវពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
© 2021 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.