ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 076 89 99 924 Email: virakcheynews@gmail.com
0

អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំត្រួតពិនិត្យលទ្ធផលស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យលទ្ធផលស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលាខេត្តបន្ទាយមានជ័យ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំថា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំក្រសួង និងខេត្ត បានចុះដឹកនាំមន្ត្រីជំនាញ មេបញ្ជាការ ស្នងការ កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក។

ក្នុងប្រតិបត្តិការនេះថ្នាក់ដឹកនាំក្រសួង គណៈបញ្ជាការឯកភាពខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើស និង ក្រុមមន្ត្រីជំនាញសូរិយោដី ជលផល និងមន្ត្រីមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់ កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាស និងប្រគល់ភារកិច្ចឱ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយគណៈប្រតិភូបានចុះមកដល់តាមខេត្តជាប់បឹងទន្លេសាប ដែលជាឱកាសបញ្ចប់នៃការកាប់ទន្រ្តានព្រៃលិចទឹកបន្តទៀត។ ជាពិសេសអាចឱ្យអាជ្ញាធរ មានលទ្ធភាពថែរក្សាតំបន់៣ តំបន់២ និងតំបន់១ ដែលអាជ្ញាធរបឹងទន្លេសាបបានកំណត់។ ដើម្បីធ្វើការគ្រប់គ្រងឱ្យបានល្អ និងទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ទង្វើ ឬជនណាដែលចង់ធ្វើបទល្មើស នៅក្នុងតំបន់ទាំងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធទាំងអស់ មន្ត្រីជំនាញ ដែលរួមសហការគ្នាជាកម្លាំងសរុប ដើម្បីអនុវត្តន៍យ៉ាងមឹងម៉ាត់បំផុតនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការគ្រប់គ្រងឱ្យបានល្អ និងទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់ទង្វើ ឬជនណាដែលចង់ធ្វើបទល្មើស ការទន្ទ្រានកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្នុងនាមសេនាធិការជូនសម្តេច ទាំងថ្នាក់ក្រសួង និងខេត្តយើងនឹងបន្តខិតខំដោះស្រាយនឹងទប់ស្កាត់ឲ្យខាតតែបាន ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ អោយបានជោគជ័យនាពេលខាងមុខនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Leave a Reply

Submit Comment
© 2023 វីរៈជ័យ | Virakchey. All rights reserved. XHTML / CSS Valid.
Daily Theme designed by Theme Junkie.