ស្ថិតក្នុងវិទ្យាល័យភ្នំស្រុក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធបណ្ណាល័យយ៉ូវ ឆុំ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅមិត្តស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពលរដ្ឋបានចូលរួម។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ លោកតាលោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤៣០នាក់ ឯកឧត្តម វង សូត បានកោតសរសើរដល់ឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ស៊ឹម សុផលរួមនឹងកូនចៅលោកតា យ៉ូវ ឆុំ និងលោក ណាយ សោភាត់ ដែលបានសាងសង់បណ្ណាល័យដ៏ស្គឹមស្គៃនៅបរិវេណវិទ្យាភ្នំស្រុក ដើម្បីតម្កល់ប្រយោជន៍ និងចែករំលែកទម្លាប់ការអានដល់សិស្សានុសិស្សអភិវឌ្ឍន៍សមត្ថភាព ឆ្លើយតបនឹងការជឿនលឿនសព្វថ្ងៃ។
ជាអតីតសិស្សដែលធ្លាប់សិក្សារៀនសូត្រនៅវិទ្យាល័យនេះផង ពិសេសដើម្បីរំលឹកគុណដល់លោកឪពុក យ៉ូវ ឆុំ ជាសាស្ត្រាចារ្យនិងអ្នកម្តាយ ណាយ សោភាត់ ទើបឯកឧត្តម កែវ ពិសិដ្ឋ បានចំណាយថវិកាសាងសង់បណ្ណាល័យនេះ ដែលស្តែងពីគុណតម្លៃការអប់រំ បម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេង ចាក់គ្រឹះក្នុងសង្គមជាតិ ពិសេសមនុស្សជំនាន់ក្រោយតាមជនបទ។
បណ្ណាល័យ យ៉ូវ ឆុំ បានបំពាក់សៀវភៅរាប់រយក្បាល ច្រើនចំណងជើង ច្រើនវិស័យផ្នែក បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាមហាជនទូទៅ។ បណ្ណាល័យ យ៉ូវ ឆុំ បានចាត់ទុកជាបណ្ណាល័យធំ មានរចនាបទស្អាតជាងគេ នាពេលបច្ចុប្បន្ន ក្នុងចំណោម សាលារៀនដែលមានជាង ៨០០ នៅក្នុងខេត្តបន្ទាយមានជ័យ៕