ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំចំណោម បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៣៩៩នាក់ ដែលជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ បញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំចំណោម ដើម្បីបន្តជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ ។
ពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីលោក លី សារី សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំចំណោម និងលោក លោកស្រី ប្រធាន.អនុប្រធានក្រុមការងារខេត្ត ចុះមូលដ្ឋានឃុំទាំង១៣ ក្នុងស្រុកមង្គលបុរី ព្រមទាំង ប្រធាន.អនុប្រធានក្រុមការងារ ចុះជួយភូមិទាំង១៨ ក្នុងឃុំចំណោមផងដែរ ៕