បន្ទាយមានជ័យ)៖លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការផ្សព្វផ្សាយ អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរសព្ទ័ដៃ foreigners present in Cambodia system (FPCS) ដល់លោកលោកស្រី អធិការ អធិការរង ស្រុក/ក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៥ផងដែរ។
លោកឧត្តមសេនីយត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារគ្រប់គ្រងជនបរទេស បានធ្វើបទបង្ហាញ អំពីការបង្កើតគណនី លើទូរសព្ទ័ប្រព័ន្ធ(FPCS)ដល់លោកអធិការ និងមេប៉ុស្តិ៍ទាំងអស់ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស តាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង(FPCS)គឺដើម្បីងាយស្រួលដល់នគរបាលក្នុងការគ្រប់គ្រង ជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម តាមប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹកដល់ លោកអធិការក្រុង/ស្រុក មេប៉ុស្តិ៍រដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការអនុវត្តន៍ដីការរបស់តុលាការ ហាមយឺតយ៉ាវ ត្រូវប្រគល់ឲ្យដល់ដៃប្រជាពលរដ្ឋ ចៀសវាងអនុវត្តខុសវិជ្ជាជីវ: នាំឲ្យប៉ះពាល់ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ចំពោះប៉ុស្តិ៍នគរបាលរដ្ឋបាលណាមិនអនុវត្ត ឬយកដីការទៅទុកចោល លោកនឹងមានវិធានការ ដាក់ពិន័យតាមច្បាប់កងកម្លាំង៕