ក្រោយទទួលព័ត៌មានពីកន្លែងកើតហេតុភ្លាម លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាលក្រុងប៉ោយប៉ែត សហការជាកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង ចុះអន្តរាគមន៍ពន្លត់អគ្គិភ័យដែលបានឆាបឆេះបន្ទប់មួយក្នុងអគារនាគទិព្វ១ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ០៤:៤០នាទីល្ងាច ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។
ដោយកិច្ចសហការល្អគ្រប់ភាគីពាក់ព័ន្ធ និងកិច្ចអន្តរាគមន៍បានទាន់ពេលវេលា ជាលទ្ធផល ក្រុមការងារពន្លត់អគ្គិភ័យដឹកនាំដោយផ្ទាល់ពីសំណាក់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានធ្វើការពន្លត់បានទាន់ពេលវេលា និងមិនបណ្តាលឱ្យមានអ្នករងរបួស និងបាត់បង់ជីវិតឡើយ។
ក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានវត្តមានចុះផ្ទាល់ពីសំណាក់លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុង, លោក ខាត់ ធា នាយករងរដ្ឋបាលក្រុង ព្រមទាំងក្រុមការងារសមត្ថកិច្ចពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុង, មូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនឹងកម្លាំងប្រជាការពារភូមិជាច្រើននាក់បានចូលរួម ។
សូមជម្រាបជូនថា កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់ឡានទឹករបស់អធិការដ្ឋាននគរបាលបាលក្រុងប៉ោយប៉ែត, ឡានទឹករបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងឡានទឹកកាស៊ីណូ ត្រូពីកាណា ក្នុងកិច្ចចូលរួមជួយអន្តរាគមន៍នៅកន្លែងកើតហេតុផ្ទាល់ផងដែរ៕