ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នេះ កងកម្លាំងសមត្ថកិច្ច ចម្រុះ បានរឹបអូសធ្យូងចំនួន ៥៤ តោន ដែលត្រូវឈ្មួញដឹកយកមកទម្លាក់នៅមាត់ ប្រឡាយទាហាន ហើយត្រៀមលើកដាក់ចូល ក្នុងកាណូតវៀតណាម ដើម្បីឆ្លងដែនទៅ ប្រទេសវៀតណាម តែចេញមិនទាន់រួចនោះ ។
លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានឲ្យដឹង ថាៈ ដោយទទួលបានការអនុញ្ញាត ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង រួចមក លោកបានដឹកនាំកងកម្លាំងចម្រុះ រួមមានៈ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង រួមនឹងអភិបាលរងស្រុកកំពង់រោទិ៍ បាន ចុះត្រួតពិនិត្យ ហើយក៏បានរឹបអូសធ្យូងទាំងនោះ យកទៅរក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់។
គួររំលឹកថា៖ រយៈពេល ៣ ថ្ងៃ កន្លងមកហើយ គឺចាប់តាំងពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មកដល់វេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ក្រុមឈ្មួញ បានដឹកធ្យូង ចំនួនប្រមាណ ៥៤ តោន មកទម្លាក់ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេង នៃច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បម្រុងនាំចេញតាមកាណូត ទៅលក់ប្រទេសវៀតណាម។
សូមបញ្ជាក់ដែរថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអនុញ្ញាតឲ្យនាំធ្យូងចេញទៅ ក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើនេះ ធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្ម ព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់៕