កាលព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទី នៅក្នុងវត្តដែលស្ថិតនៅក្នុងស្រុកស៊ីធិរកណ្តាល ខេត្តព្រៃវែង ប្រារឰបើកកម្មវិធីសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលផ្សេងៗដែលសម្តេចក្រឡាហោមបានកសាងផ្តល់ជូន ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ជាសម្បត្តិជាតិ ។
ភ្ញៀវអមដំណើរមាន ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ស្រុកកំពង់ត្របែក ឯកឧត្តម ស្បោង សារ៉ាត់, ឯកឧត្តម ជា សុមេធី ព្រមទាំងឯកឧត្តម លោកជំទាវជាច្រើនរូបទៀត បានអញ្ជើញយ៉ាងច្រើនកុះករ ។
ក្រោយពីការកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់រួចមក សម្តេចក្រឡាហោម ស ខេង ក៏បានឡើងមានមតិផ្តាំផ្ញើ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋ ។ សម្តេចមានប្រសាសន៍ថា សូមឱ្យគណៈកម្មាធិការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្ត មេត្តាជួយថែរក្សាសមិទ្ធផលដែលបានកសាងរួចហើយនេះ ឱ្យបានគង់វង្សល្អប្រសើរទុក្ខសម្រាប់កូនៗយើង ក្រោយទៀត និងសូមផ្តាំចុងក្រោយថា មានតែគណបក្សប្រជាជនកម្ពុជាយើងទេ ដែលបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ ជូនបងប្អូនទាំងអស់ ៕
ដោយ ៖ លឹម សារី