ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម កឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ស្រុកកំពង់ត្របែក បានអញ្ជើញចូលរួមពិធីសំណេះសំណាលធ្វើបច្ចុប្បន្នភាព ដែលមានប្រជាពលរដ្ឋ ចូលរួមចំនួន ៣០០នាក់ ។ ក្រោយពីការឡើងអានរបាយការណ៍ និងរាយការណ៍ជូនគណៈអធិបតីរួចមក ឯកឧត្តម កឹម ជាតិ បានឡើងមានមតិសំណេះសំណាលដោយបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងការចង្អុលបង្ហាញពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ឯកឧត្តម បន្តទៀតថា ពុកម៉ែបងប្អូនកូនក្មួយជាទីគោរព… ! ថ្ងៃនេះខ្ញុំមានមោទនៈភាពណាស់ ដោយបានមករួមរស់ ជួយពុកម៉ែ ហើយខ្ញុំសូមជម្រាបពុកម៉ែមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជួយសម្រាលបន្ទុកគ្រួសារពុកម៉ែបងប្អូន និង ជួយអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធជាតិ សម្រួលក្នុងការធ្វើដំណើរក្នុងការសិក្សារបស់កូនៗ និងមើលថែជំងឺ ដោយមាន មន្ទីរពេទ្យនៅជិតផ្ទះពុកម៉ែបងប្អូនទាំងអស់គ្នា ។
ក្រោយពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចហើយ ឯកឧត្តម បានចុះទៅសាកសួរសុខទុក្ខបងប្អូនដែលមានជំងឺ នៅតាមគេហដ្ឋាន និងបានប្រគល់ថវិកាជូនដល់ជនរងគ្រោះថែមទៀតផង ៕
លឹម សារី